រថយន្តក្រុមហ៊ុន PTT បើកបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់នៅស្រុកព្រៃនក់
|
ថ្ងៃទី 2010-07-24 22:07:52 សរសេរដោយ អាន 155 ដង
 | | | |
ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានរថយន្តក្រុមហ៊ុនប្រេងឥន្ធនៈ PTT បុកនិងកិនចំក្បាល បែកផ្ទុះខួរ ធ្លាយចេញមកក្រៅ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ចោលក្រុមគ្រួសារឲ្យយំស្ដាយស្រណោះ ខណៈពេលដែលជនរងគ្រោះ បានជិះម៉ូតូឌុបប្អូនស្រី ត្រឡប់មកពីទិញម្ហូបអាហារ នៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ហេតុការណ៍នោះបានឡើងកាលពីវេលាម៉ោង ៤និង៤០នាទី រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១០ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តវាលមាស ដែលស្ថិតនៅភូមិវាលមាស ឃុំ វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា រថយន្តបង្កហេតុនិងម៉ូតូជនរងគ្រោះ បានធ្វើចរាចរ ក្នុងទិសដៅស្របគ្នា ពីក្រុងព្រះសីហនុទៅភ្នំពេញ។ តាមប្រភពពីមន្រ្តីប៉ូលិសស្រុកព្រៃនប់ បាន និយាយថា រថយន្តបង្កគ្រោះថ្នាក់ចរាចរខាងលើនេះ ម៉ាកHINO ពណ៌ខៀវជាប្រភេទរថយន្តដឹកប្រេង ឥន្ធនៈ របស់ក្រុមហ៊ុន PTT ពាក់ស្លាកលេខភ្នំពេញ 3A 6148 ក្រោយពេលកើតហេតុ តៃកុងរថយន្ត បានដាក់មេផាយបាត់ស្រមោល ដោយបន្សល់ទុករថយន្តបង្កហេតុ មានចំងាយប្រមាណ ១០០ម ពី សព។
ជនរងគ្រោះដែលស្លាប់មានឈ្មោះមុត ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរធ្វើស្រែ ជាអ្នកបើកម៉ូតូម៉ាក C125 សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1B-0027 និងអ្នករួម ដំណើរម្នាក់ទៀតត្រូវជាប្អូនស្រីសពឈ្មោះមុត ភក្ត្រា ភេទស្រី អាយុ១៣ឆ្នាំ រងរបួសស្រាល អ្នកទាំង ពីររស់នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សាក្សីនៅកន្លែងកើតហេតុនិយាយថា ពេលធ្វើដំណើរអ្នកបើកម៉ូតូត្រឡប់មកផ្ទះវិញក្នុងល្បឿនយឺតៗ ហើយស្របពេលនោះគេបានឃើញរថយន្តបង្កហេតុខាងលើ បានបើកក្នុងល្បឿន លឿនដូចព្យុះក្នុងទិសដៅស្របគ្នា ហើយមកដល់ទន្ទឹមគ្នាមិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តនោះ បានស៊ីផ្លេឮខ្លាំងៗ ស្ទើរបែកក្រដាសត្រចៀកពីក្រោយម៉ូតូជនរងគ្រោះ បន្ទាប់មកគេឃើញម៉ូតូជនរង គ្រោះដួលធ្លាក់ទៅចិញ្ចើមថ្នល់ខាងស្ដាំ។ រីឯជនរងគ្រោះបានរមៀលចូលក្រោមរថយន្ត ហើយត្រូវ កង់រថយន្តកិនចំក្បាលផ្ទុះបែកខួរស្លាប់ភ្លាមៗតែម្ដង។ ចំណែកប្អូនស្រីរមៀលធ្លាក់ទៅចំហៀងថ្នល់ ទើបមិនមានគ្រោះថ្នាក់ដល់ជីវិត។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត បង្កត្រូវប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់៕
( អត្ថបទនេះដកស្រង់ចេញពី កម្ពុជាថ្មី )
|
|
Khmer M A G A Z I N E S . C O M
|