អ្នកភូមិ៥នាក់នៅពោធិ៍សាត់ស្លាប់ដោយសារ ផឹកស្រា
|
ថ្ងៃទី 2010-07-21 22:16:04 សរសេរដោយ អាន 149 ដង
 | | | |
មនុស្ស ៥នាក់បានស្លាប់ជាបន្តបន្ទាប់នៅឯភូមិដាច់ស្រយាលមួយ ឈ្មោះភូមិក្សេត្របូរី ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយសារតែការផឹកស្រា។
ទេសភាពភ្នំក្រវាញ ខេត្តពោធិ៍សាត់
មេភូមិក្សេត្របូរី លោក រស់ ពេញ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី២១ ខែកក្កដាថា អ្នកភូមិ ៥នាក់បានស្លាប់ជាបន្តបន្ទាប់នៅក្នុងភូមិ ដោយសារតែពួកគាត់បានហូបស្រា។
លោក រស់ ពេញ មានប្រសាសន៍ដូច្នេះ ៖ «គាត់ហូបតាំងពីក្បាលល្ងាច នោះវាអត់អី ដល់ព្រលឹមឡើងគាត់អត់ហូបបាយហូបអី គាត់ថែម(ស្រា)ទៀត ទៅតែម្ដង (ស្លាប់)។ ខ្ញុំភ័យដែរ ខ្លាចក្រែងមានរោគអីរាតត្បាត។ មានពេទ្យគេមកពិនិត្យដល់ថា អត់មានបញ្ហាអីក៏គេយកទៅធ្វើបុណ្យតាមផ្ទះទៅ»។
ប្រភពបានឲ្យដឹងថា អ្នកភូមិដែលស្លាប់នោះមានស្ត្រីចំនួន ៤រូប និងបុរស ១រូប។ អ្នកទាំងនោះ គឺ១ស្ត្រីឈ្មោះ ភួង គីម អាយុ ៤៩ឆ្នាំ ២ស្ត្រីឈ្មោះ ម៉ន យុន អាយុ ៥១ឆ្នាំ ៣ស្ត្រីឈ្មោះ វិន រ័ត្ន អាយុ ៤៨ឆ្នាំ និង៤ស្ត្រីឈ្មោះ រិន ពៅ អាយុ ៥០ឆ្នាំ។ ឯបុរសម្នាក់ដែលស្លាប់នោះឈ្មោះ នឹម អាយុ ៤៩ឆ្នាំ។
ប្រភពបានឲ្យដឹងទៀតថា ស្ត្រីម្នាក់នាក់ និងបុរសម្នាក់បានស្លាប់កាលពីចុងខែមិថុនា។ ឯស្ត្រីពីរនាក់ចុងក្រោយនេះ បានស្លាប់កាលពីថ្ងៃទី២០ ខែកក្កដា ថ្មីៗនេះ។ ការស្លាប់របស់អ្នកភូមិទាំង ៥រូបនេះធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិមានការភ័យតក់ស្លុត បារម្ភក្រែងមានជំងឺចម្លែករាតត្បាតក្នុងភូមិ។
តែមេឃុំសន្ទ្រែ គឺលោក សេក សារឿន មានប្រសាសន៍ថា តាមការសន្និដ្ឋានរបស់គ្រូពេទ្យ ប្រចាំមណ្ឌលសុខភាពស្រុកភ្នំក្រវាញ អ្នកភូមិ ៥នាក់នេះគឺស្លាប់ដោយសារតែការពុលស្រា។
លោក សេក សារឿន មានប្រសាសន៍ដូច្នេះ ៖ «ប្រធានមណ្ឌលសុខភាពបានហៅ ខ្ញុំទៅជួយមើលដែរ ព្រោះអ្នកជំងឺហាក់មិនស្រួល។ គាត់ប្រាប់ខ្ញុំថាពុល ដល់អ៊ីចឹងល្ងាចម្សិលក៏ស្លាប់ទៅ។ គេបានយកស្រាទៅពិនិត្យហើយ តែមិនទាន់ដឹងយ៉ាងម៉េច»។
វិទ្យុអាស៊ីសេរីពុំអាចសុំការពន្យល់ពីប្រធានមន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់ គឺលោក ខ្លឹម សុគន្ធ បានទេ នៅល្ងាចថ្ងៃទី២១ ខែកក្កដានេះ ដោយទូរស័ព្ទលោកពុំអាចទាក់ទងបាន។
យ៉ាងនេះក្តី អធិការនគរបាលស្រុកភ្នំក្រវាញ គឺលោក ពេជ្រ សុភាព បានមានប្រសាសន៍ថា ការស៊ើបអង្កេតបឋមបញ្ជាក់ថា មនុស្សទាំង ៥នាក់នោះពិតជាបានស្លាប់ដោយសារការពុលស្រា ពុំមែនជាអំពើឃាតកម្មណាមួយនោះទេ។
លោក ពេជ្រ សុភាព បញ្ជាក់ដូច្នេះ ៖ «អ្នកដែលពុលហ្នឹងមានអាការៈ ដូចៗគ្នា ហើយយើងបានស្រាវជ្រាវទៅឃើញថា គាត់បានផឹកស្រា ប៉ុន្តែយើងមិនដឹងជាស្រាហ្នឹងមានជាតិពុល ឬយ៉ាងណានោះ ព្រោះថា ស្រាហ្នឹងយើងបានយកវាទៅធ្វើការពិសោធន៍ហើយ»។
លោកអធិការបានឲ្យដឹងថា បច្ចុប្បន្នស្នងការនគរបាលខេត្តបានយកស្រាដែលសល់ពីការផឹករបស់ អ្នកភូមិដែលស្លាប់នោះ ផ្ញើទៅឲ្យផ្នែកជំនាញធ្វើការវិភាគហើយ តែលទ្ធផលយ៉ាងណានៅពុំទាន់ទទួលបាននៅឡើយ៕
( អត្ថបទនេះដកស្រង់ចេញពី វិទ្យុអាស៊ីសេរី )
|
|
Khmer M A G A Z I N E S . C O M
|